ពុទ្ធទំនាយ, ឥន្ទទំនាយ, … ឬ មនុស្សទំនាយ ? ខែសីហា 14, 2008
Posted by ចំងល់ជីវិត in ចំងល់, សាសនា.Tags: ចំងល់, សាសនា
trackback
កាល ១០ ឆ្នាំមុន (ក្រោយរដ្ឋប្រហារ ថ្ងៃ ៥-៦ កក្កដា ១៩៩៧ រៀបចំដោយហ៊ុន សែន), ប៉ាម៉ាក់ខ្ញុំ បាននិទានប្រាប់ខ្ញុំថា កាលសម័យសាធារណរដ្ឋខ្មែរ (សម័យលន់ នល់ ១៩៧០- ១៩៧៥) គាត់បានដឹងពីពុទ្ធទំនាយ ដែលត្រូវបានផ្សព្វផ្សាយ លើក្រដាសចែកគ្នាកត់, រីឯ ក្រដាសនោះ ជាអក្សរដៃរៀបរាប់ដំបូងថា បានមកពីមួយផ្លែដូង បណ្តែតលើទន្លេ ដោយ អ្នកសច្ចាំងនៅឯណាណោះ មិនដឹងទេ។ អត្ថន័យនៃក្រដាសនោះថា នឹងមានកើតកល្យុគ សង្គ្រាម នៅប្រទេសខ្មែរ, នឹងមានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ… ឃ្លោកលិច អំបែងអណ្តែត ចឹងទៅ។ ឃើញថា ក្រដាសដែលជាពុទ្ធទំនាយនោះ ពិតជាប៉ិនទស្សទាយ និងត្រូវមែន ព្រោះក្រោយមក មានពួកកុំមុយនិស្តយៀកកុង/យួនខាងជើង វាយចូល ប្រទេសខ្មែរ នៅឆ្នាំ ១៩៧០-១៩៧៥ ដោយសំលាប់ប្រជាពលរដ្ឋខ្មែរ គ្មានត្រាប្រណី ទាំងកូនក្មេងក្នុងអង្រឹង ក៏ពួកវាមិនទុក, ចូលដល់សម័យប៉ុលពត ១៩៧៥-១៩៧៩, ដល់ សម័យយួនកាន់កាប់ប្រទេសខ្មែរ ១៩៧៩-១៩៩០ ក៏សំលាប់ប្រជាពលរដ្ឋខ្មែរមិនតិច ដោយចោទប្រជាពលរដ្ឋខ្មែរទាំងនោះថា ជាទាហានប៉ុលពត ជាទាហានសេរីកា ឬ ត្រូវ កែនទៅចលនា “ក៥” កាប់ឆ្ការព្រៃ លើចំការមីន ជាដើម។
ប៉ុន្មានឆ្នាំនេះ ស្រាប់តែឮទៀតហើយ មានពុទ្ធទំនាយថា ប្រទេសខ្មែរនឹងអញ្ជេះអញ្ចុះ ជា ពាក្យចចាមអារាម ដូចជាមិនស្រួលសោះ ប៉ុន្តែគ្មានបានឃើញក្រដាសអ្វី ដូចកាលសម័យ សាធារណរដ្ឋខ្មែរ (សម័យលន់ នល់ ១៩៧០-១៩៧៥) ដែលប៉ាម៉ាក់ខ្ញុំបានរៀបរាប់នោះទេ
ខ្ញុំចេះតែឆ្ងល់ថា ហេតុមេចបានជា ចេះតែឮមានពុទ្ធទំនាយចឹង, វាមានប្រភពពីណាមក? ឬមួយ សង្គមខ្មែរ ត្រូវជំនឿពុទ្ធសាសនាគ្របដណ្តប់ ជ្រុលពេក, ឬអ្នកដឹកនាំរដ្ឋាភិបាល ប្រើប្រាស់ពុទ្ធសាសនា តាមប្រព័ន្ធផ្សព្វផ្សាយពត៌មាន ជាមធ្យោបាយ សំរាប់អូសទាញ សភាពការ តំរូវតាមបំណង របស់ពួកគេ? ព្រោះអ្វីៗទាំងអស់ សុទ្ធតែមាន ហេតុ និង ផល របស់វា ដូចដែលលោកគ្រូទស្សនវិជ្ជា របស់ខ្ញុំ ធ្លាប់បាននិយាយ!
ប៉ាម៉ាក់ខ្ញុំ សុទ្ធសឹងជាបញ្ញាវន្ត បានរៀនសូត្រច្រើន, បានតាមដាមទៀងទាត់ គ្រប់តែ សភាពការជាតិ និងអន្តរជាតិ ម៉្លោះហើយពួកគាត់ ក៏ជាឃ្លាំងចំណេះ សំរាប់កូនៗចឹងដែរ។ គាត់ទាំងអស់គ្នា ទៅវត្តបុណ្យទានតាមទំលាប់ ប៉ុន្តែមិននៅតែក្នុងវត្ត ឬនៅផ្ទះ រហូតដល់ ថ្នាក់មូសខាំមិនទះនោះទេ។ កាលជាង ១០ ឆ្នាំមុន ដែលពួកខ្ញុំមិនទាន់ពេញវ័យនៅឡើយ, ពួកគាត់បានប្រាប់ថា ក៏មានឥន្ទទំនាយ សរសេរជាក្រដាស ស្រដៀងពុទ្ធទំនាយ ចឹងដែរ ដែលសំដៅអ្នកកាន់សាសនាព្រហ្មញ្ញ (សាសនាប្រើប្រាស់ អាគមអូមអាម) ប៉ុន្តែឥន្ទទំនាយ គ្មានឥទ្ធិពលខ្លាំងក្នុងសង្គមខ្មែរ ម៉្លោះហើយប្រជាពលរដ្ឋខ្មែរ មិនចាប់អារម្មណ៍ឥន្ទទំនាយ ពេកទេ។
ដល់តែឆ្ងល់ច្រើន អាថ៍កំបាំងក៏ត្រូវធ្លាយចេញខ្លះមក ធ្វើខ្ញុំនឹកគិតថា ប្រភពពុទ្ធទំនាយ ឬ ឥន្ទទំនាយ ចេញពីពួកមនុស្ស កំពូលវិភាគព្រឹត្តិការ ចេះប្រមែប្រមូលព្រឹត្តិការ ជាតិ និង អន្តរជាតិ ដែលពួកគេបានតាមដានរាល់ថ្ងៃ បច្ចុប្បន្នភាព(actualities)។ ពួកគេពិតជា បញ្ញាវន្ត យល់ច្បាស់អំពីពុទ្ធសាសនា, អំពីព្រហ្មញ្ញសាសនា និងអំពីនយោបាយវិវត្ត របស់ ប្រទេស ទើបពួកគេអាចសរសេរ ក្រដាសតែប៉ុន្មានឃ្លា ប៉ុន្តែធ្វើអោយភ្លូកសង្គមទាំងមូល។ ខ្ញុំមានអារម្មណ៍ កោតសរសើរពួកគេ ប៉ុន្តែបែរជាឆ្ងល់ មេចសង្គមមិនរិះរកវិធីការពារ ឬ វិធី កែលំអសភាពការ បើគេដឹងមុនថា សភាពការអាចនឹងកើតឡើងបែបនោះ តាមពុទ្ធទំនាយ ឬ ឥន្ទទំនាយ ហើយនោះ? ឬមួយ ប្រទេសខ្មែរយើង គ្មានគ្រប់គ្រាន់បញ្ញាវន្ត សំរាប់ការងារ ទាំងនោះ? ឬមួយ ពុទ្ធសាសនា ជាអាវុធ ធ្វើអោយកូនខ្មែរ លែងមានសេរីភាពក្នុងការគិត ធ្វើតាមតែបណ្តៅព្រះ គ្រប់តែជំហាន សុខចិត្តទទួលតាមផលកម្ម ដោយគ្មានគំនិត ឬគ្មាន សិទ្ធិកែប្រែផលកម្ម ទាំងនោះ? កូនខ្មែរ ចេះរស់ក្នុងភាពប្រាកដនិយម (Pragmatism) ផ្អែក លើហេតុ និង ផល ហើយ ឬនៅ ដើម្បីដោះស្រាយគ្រប់បញ្ហា? ឬមួយ កូនខ្មែរ ចាំតែទទួល ព្រឹត្តិការ(បន់ស្រន់ទឺកភ្លៀង, ការរំលោភដីធ្លីពីអ្នកមានអំណាច, តុលាការពុករលួយ, គ្មាន ច្បាប់ប្រឆាំងអំពើពុករលួយ, … ជាដើម) ប៉ុន្តែមិនប្រតិកម្ម ទៅព្រឹត្តិការទាំងនោះ?
ចុះសំណាង ជាអ្វី? ត្រឹមត្រូវណាស់ សំណាង ជាសុភមង្គល ប៉ុន្តែត្រូវដឹងថា “សំណាង មិនបានមក ដោយអង្គុយស្ងៀម ឥតកំរើក ចាំតែចង្អុលជប់ នោះទេ ហើយវាក៏មិនបានមក ដោយគ្មានបញ្ចេញសកម្មភាពអ្វីនោះដែរ ប៉ុន្តែសំណាងបានមក ពីសកម្មភាពប៉ិនប្រសប់ ឥតឈប់ឈរ ឬ ដោយការអនុវត្តសិទ្ធិពេញទំហឹង របស់សាម៉ីខ្លួន ក្នុងសង្គម ដែលប្រកាន់ លទ្ធិប្រជាធិបតេយ្យពហុបក្ស ពិតប្រាកដ“។
ពុទ្ធទំនាយ, ឥន្ទទំនាយ ជាទំនាយ តាមសាសនា, ចុះមនុស្សទំនាយវិញ ជាទំនាយតាមអ្វី? ចំងល់ និង ដំណោះស្រាយ ចេះតែបន្តកន្ទុយគ្នា, ទីបំផុតទើបដឹងថា មានតែមនុស្សលោក ដែលជាសភាវៈមានបញ្ញា លើសអ្វីទាំងអស់ ក្នុងលោកនេះ។
តាមចំណេះដឹង ដែលខ្ញុំបានសិក្សាពីតូចរហូតដល់មហាវិទ្យាល័យ និងពីសង្គមរស់នៅប្រចាំថ្ងៃ ខ្ញុំបានដឹងប្រាកដថា “អ្វីៗទាំងអស់លើលោក កើតចេញមក និងវិវត្ត សុទ្ធតែមានហេតុភេទ និង ហេតុផល (Causes & Effects) របស់វា។ ដោយហេតុហ្នឹងហើយ គ្រប់តែអ្វីដែលខ្ញុំបានឃើញ និង បានដឹងឮ, ខ្ញុំតែងតែផ្អែកលើ ហេតុ និង ផល របស់វា ដើម្បីស្វែងយល់បញ្ហា
ហេតុមេចមាន ពុទ្ធទំនាយ, ឥន្ទទំនាយ, … ឬ មនុស្សទំនាយ ? អ្នកជឿលើមួយណា?
បើនិយាយរឿងឥន្ទទំនាយខ្ញុំមិនដែលលឺសោះ!
ពុទ្ធទំនាយបន្ទាប់គឺ ខ្មែរសៀមរលាយចូលគ្នា កុកសរេរាមិនចង់ចូលស្រុក
ចុះ អុំទូកឆ្នាំនេះ? មានពុទ្ធទំនាយអ្វ៉ទេ?
ខ្ញុំខ្លាចណាស់. តើមានវិធីអ្វីដើម្បីជៀសវាទេ?
អរគុណ!!!
បើអ្នកជឿព្រះយេស៊ូវវិញនោះខ្ញុំហ៊ានធានាថានឹងច្បាស់ហើយប្រាកដជាង